ប្រទេសនូវែលហ្សេឡង់គឺជាប្រទេសគោលដៅសិក្សាដ៏ពេញនិយមកាន់តែខ្លាំង ក្នុងចំណោមសិស្ស-និស្សិតអន្តរជាតិ និងសិស្ស-និស្សិតកម្ពុជាផងដែរ ដោយសារតែប្រព័ន្ធអប់រំមានគុណភាពខ្ពស់ និងសញ្ញាបត្រដែលមានការទទួលស្គាល់ជាសាកល។ សញ្ញាបត្ររបស់ប្រទេសនូវែលហ្សេឡង់ មានការទទួលស្គាល់ពីសំណាក់និយោជក និងគ្រឹះស្ថានសិក្សាជុំវិញពិភពលោក ដែលផ្តល់នូវវិថីសម្រាប់ការអភិវឌ្ឍអាជីពការងារ និងការសិក្សាបន្ត។ ប្រទេសនូវែលហ្សេឡង់ផ្តល់នូវបរិយាកាសសិក្សាដ៏ល្អ ដើម្បីជួយសិស្ស-និស្សិតឱ្យទទួលបានភាពជោគជ័យក្នុងទីផ្សារការងារអន្តរជាតិ ក៏ព្រោះតែការសិក្សាផ្ដោតលើការអនុវត្តជាក់ស្តែង បច្ចេកវិទ្យាទំនើប និងបែបច្នៃប្រឌិត និងការគាំទ្រដល់សិស្ស-និស្សិតក្នុងជីវិតសិក្សារបស់ពួកគេ។
ការអប់រំប្រកបដោយគុណភាព
ប្រទេសនូវែលហ្សេឡង់មានការទទួលស្គាល់កម្រិតពិភពលោក សម្រាប់ស្តង់ដាសិក្សា និងប្រព័ន្ធអប់រំបែបច្នៃប្រឌិត។ សិស្ស-និស្សិតទទួលបានអត្ថប្រយោជន៍ពីជម្រើសសិក្សាដែលមានភាពបត់បែន សម្រាប់សិស្សដូចជាការបង្រៀនឱ្យគិតតាមរយៈការថ្លឹងថ្លែងហេតុផល ការស្រាវជ្រាវ និងជំនាញអនុវត្តជាក់ស្តែង ដែលជួយឱ្យសិស្ស-និស្សិតទទួលបានចំណេះដឹងជ្រៅជ្រះ និងត្រៀមខ្លួនសម្រាប់ជីវិតការងារ និងរស់នៅ។
ការធ្វើដំណើរ និងតភ្ជាប់ពីតំបន់មួយទៅតំបន់មួយការសិក្សានៅប្រទេសនូវែលហ្សេឡង់ ផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចធ្វើដំណើរ និងកម្សាន្តជាមួយទេសភាពដ៏ចម្រុះនៅតំបន់កោះខាងជើង និងកោះខាងត្បូងរបស់ប្រទេសនេះ។ ទោះបីជាមានភូមិសាស្ត្រប្លែកពីគេក៏ដោយ ប្រទេសនូវែលហ្សេឡង់មានប្រព័ន្ធធ្វើដំណើរក្នុងស្រុកដ៏ទំនើប និងអាចតភ្ជាប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបាន។
និស្សិតអន្តរជាតិ
ប្រទេសនូវែលហ្សេឡង់គឺជាទីតាំងនៃសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យា និងគ្រឹះស្ថានអប់រំឯកជនល្អៗ ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រដ៏សម្បូរបែប។ ប្រទេសនូវែលហ្សេឡង់ស្វាគមន៍សិស្ស-និស្សិតអន្តរជាតិមកពីជុំវិញពិភពលោក និងសិស្ស-និស្សិតមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ភាពអំណោយផលផ្នែកវប្បធម៌ និងធម្មជាតិ
ប្រទេសនូវែលហ្សេឡង់ផ្តល់ជូននូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប ដែលរួមបញ្ចូលគ្នារវាងបេតិកភណ្ឌវប្បធម៌របស់ជនជាតិដើមMāori ជាមួយនឹងសិល្បៈទំនើប តន្ត្រី ពិធីបុណ្យផ្សេងៗ កីឡា និងការដើរលេងកម្សាន្តក្រោយម៉ោងសិក្សា។ សិស្ស-និស្សិតអាចឆ្លៀតយកឱកាសកំឡុងពេលសិក្សានៅប្រទេសនូវែលហ្សេឡង់ ដើម្បីរីករាយជាមួយសារមន្ទីរ ពិព័រណ៍សិល្បៈ ព្រឹត្តិការណ៍វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិល្បីៗលើពិភពលោក។ប្រទេសនូវែលសេឡង់ល្បីល្បាញដោយសារ៖
- ការអប់រំមានគុណភាពខ្ពស់ ជាមួយនឹងស្តង់ដាសិក្សា និងវប្បធម៌ស្រាវជ្រាវដ៏ខ្លាំង
- បច្ចេកវិទ្យាទំនើប និងការសិក្សាផ្ដោតលើការអនុវត្តផ្ទាល់
- បរិយាកាសសិក្សាដែលមានការគាំទ្រ និងភាពស្និទ្ធស្នាល ជាមួយទំនាក់ទំនងល្អរវាងសិស្ស-និស្សិត និងសាស្ត្រាចារ្យ
- ការធ្វើដំណើររវាងទីក្រុង និងតំបន់នានាមានភាពងាយស្រួល ជាមួយនឹងមធ្យោបាយដឹកជញ្ជូនតភ្ជាប់គ្នាយ៉ាងល្អពីតំបន់មួយ ទៅតំបន់មួយ
- តំបន់ទេសចរណ៍ធម្មជាតិល្បីៗលើពិភពលោក ដូចជាភ្នំ Milford Sound, ឧទ្យានភ្នំភ្លើងRotorua, ភ្នំ Mount Cook, ទីក្រុង Queenstown ព្រមទាំងឆ្នេរខ្សាច់ និងឧទ្យានជាតិដ៏ស្រស់ស្អាតជាច្រើនទៀត
លក្ខខណ្ឌក្នុងការដាក់ពាក្យ
- លិខិតអនុញ្ញាតឱ្យចូលរៀន
- វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស (ដូចជា IELTS, TOEFL ឬសញ្ញាបត្រដែលមានតម្លៃស្មើ)
- លិខិតឆ្លងដែនដែលមានសុពលភាព
- ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រ